កម្មវិធី​បោះជំរំ​​អង្គការ​តម្លាភាព​កម្ពុជា​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​បាន​ពង្រឹង​សិទ្ធិ​អំណាច​

Stories

ថ្ងៃនេះ ខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា អំពីការចងចាំមួយដែលមិនអាចបំភ្លេចបាន ពេលខ្ញុំបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នា ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។

ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំពង្រឹងភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ រៀបចំដោយអង្គការតម្លាភាពកម្ពុជា និងទីភ្នាក់ងារជំនួយអាមេរិក USAID រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ០១៩ នៅខេត្តរតនៈគិរី។

Sophea 1

វាគឺជាបទពិសោធន៍មួយដ៏អស្ចារ្យ និងមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ ព្រោះ ខ្ញុំបានរៀនសូត្រអ្វីៗដែលថ្មីជាច្រើន បន្ថែមពីលើចំណេះដឹងដែលខ្ញុំមានស្រាប់ ដូចជាភាពជាអ្នកដឹកនាំ តួនាទីរបស់ស្រ្តី នៅក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងអ្វីដែលស្រ្តី និងយុវជន អាចធ្វើបាន ដើម្បីអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ។

កម្មវិធីបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ គឺជាពេលវេលាដ៏អស្ចារ្យមួយ ដែលខ្ញុំបានចូលរួម។ ខ្ញុំអាច​និយាយបានថា ថ្ងៃទី១របស់ខ្ញុំ គឺជាថ្ងៃមួយដ៏ផ្សងព្រេង ដោយខ្ញុំបាន​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​ខេត្តដ៏ឆ្ងាយបំផុតមួយនៃប្រទេសកម្ពុជា។ វាមានចម្ងាយជិត៦០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ប៉ុន្តែ​ខ្ញុំពិតជា​ពេញចិត្ត និងរីករាយគយគន់ទេសភាព និងខ្យល់អាកាសបរិសុទ្ធ នៅតាមផ្លូវឆ្ពោះ​ទៅកាន់​ខេត្តរតនៈគិរី។ វាធ្វើឱ្យរលាយអស់នូវភាពស្មុគស្មាញនៅក្នុងជីវិតរបស់ខ្ញុំ។ នៅពេលដែលរថយន្តក្រុង ធ្វើដំណើរទៅដល់ខេត្ត រតនៈគិរី ខ្ញុំរីករាយ ដែលបានជួប និងស្គាល់មិត្តភ័ក្រ្តថ្មី និងមន្រ្តីដែលមាន​បទពិសោធន៍របស់អង្គការតម្លាភាពកម្ពុជា ទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក និងពលរដ្ឋ​នៅ​ស្រុក​វឿនសៃជាដើម។

sophea 2

នៅថ្ងៃទី២នៃវគ្គបណ្តុះបណ្តាល គឺជាថ្ងៃដែលមានសកម្មភាពជាច្រើន។ ខ្ញុំបានរៀនសូត្រ​ជាច្រើន​ពី​ជំនាញទន់ ដោយមានការបង្ហាត់បង្ហាញពី លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងស្រ្តីមកពីវិស័យផ្សេងគ្នា ជាច្រើន ដូចជា ជំនួញ រដ្ឋាភិបាល សង្គមស៊ីវល និងសារព័ត៌មាន ដែលពួកគេ​បានលះបង់ពេលវេលា និងខិតខំប្រឹងប្រែង ចែករំលែកបទពិសោធន៍ និងសមិទ្ធផលរបស់ពួកគេ ដើម្បី​លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ។

sophea 3
ថ្ងៃទី៣ គឺជាថ្ងៃ ដែលយុវជនបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល ត្រូវបានលើកទឹកចិត្តឱ្យក្លាយ​ទៅជាភ្នាក់ងារ​នៃការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។ នៅពេលព្រឹក ខ្ញុំបានរៀនសូត្រពីជំនាញ​ថ្មីមួយ ដែលគេហៅថា «ដើមឈើនៃបញ្ហា» ឬជាភាសាអង់គ្លេស “Problem Tree”។ មេរៀននេះ បានជួយ
ឱ្យខ្ញុំ អាចកំណត់បាននូវឬសគល់នៃបញ្ហា និងផលប៉ះពាល់នៃបញ្ហាជាក់លាក់ណាមួយ។ ក្នុងពេល​ជាមួយគ្នានេះ ខ្ញុំត្រូវបានបង្ហាត់បង្ហាញពីរបៀបនៃការបង្កើតគម្រោង ហើយខ្ញុំពិតជារំភើប និងអន្ទះសារ ចង់ស្រូបយកចំណេះដឹងទាំងនោះពីគ្រូបង្គោលណាស់។ នៅពេលរសៀលថ្ងៃទី៣ដដែល យុវជនបានបង្កើតជាក្រុមរបស់ខ្លួន ដើម្បីកំណត់ពីបញ្ហានៅក្នុងសហគមន៍របស់ពួកគេ ការពង្រាងគម្រោង និងការសរសេរសំណើគម្រោងជាដើម។

Sophea 4

នៅថ្ងៃទី៤ នៃកម្មវិធីបោះជំរំ គឺជាថ្ងៃមួយដ៏រំភើប។ នៅពេលព្រឹក ក្រុមយុវជននីមួយៗ ត្រូវតាំងបង្ហាញ និងធ្វើបទបង្ហាញពីគម្រោង និងសំណើរគម្រោង ទៅកាន់គណៈកម្មាការ និងមិត្តភ័ក្រ្តរបស់ពួកគេ។ នៅពេលល្ងាច គឺជាថ្ងៃបិទកម្មវិធីបោះជំរំ ហើយក៏ថ្ងៃមួយ ដែលខ្ញុំមានអារម្មណ៍សោកសៅ និងមិន​ចង់ជឿ​ថា កម្មវិធីនេះត្រូវបញ្ចប់យ៉ាងលឿនបែបនេះ។

Sophea 5

នៅថ្ងៃទី៥ គឺជាថ្ងៃដែលខ្ញុំ និយាយថា៖ ជួបគ្នាឆាប់ៗ ខេត្តរតនៈគិរី។ ពួកយើងបានចាកចេញពីកម្មវិធី​បោះជំរំនៅវេលាម៉ោង ៥ ព្រឹក ហើយឆ្ពោះទៅកាន់បឹងយក្សឡោម ដើម្បីទស្សនាដែនដីដ៏ពិសេស នៅក្នុង​ខេត្តរតនៈគិរីនេះ និងជាបឹងធម្មជាតិមួយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់​សុះសាយ តាំងពីសម័យប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន។

Sophea 6

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំបានរកឃើញការជម្រុញលើកទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ ពីសិទ្ធិរបស់ស្រ្តី ហើយខ្ញុំកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់បុរស និងស្រ្តី ក្នុងការលើកកម្ពស់ និងផ្តល់អំណាចដល់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងប្រជាជាតិ។

ដូច្នេះហើយ ខ្ញុំជឿជាក់ថានៅក្នុងច្បាប់ធម្មជាតិ និងការពិតជាសកល ដែលអះអាងថា អ្នកគ្រប់គ្នា គឺមានភាពស្មើគ្នា ។ ក្នុងន័យនេះ អ្នកគ្រប់គ្នា ហើយនឹងខ្ញុំ កើតមកមានដៃពីរ ជើងពីរ ភ្នែកមួយគូរ ច្រមុះពីរ និងត្រចៀក មាត់ធំមួយ និងក្បាលមួយ។ សមភាព មិនមានសម្រាប់មនុស្សគ្រប់គ្នានោះទេ ទោះបីជា អ្នក និងខ្ញុំ កើតមកដូចគ្នាក៏ដោយ ក៏ប៉ុន្តែ ពួកយើង មិនត្រូវបានការធានាថា នឹងទទួលបាន​ការគាំទ្រដូចគ្នាហើយ ដើម្បីបង្ហាញនូវសក្តានុពលរបស់ខ្លួនជាអតិបរិមា និង​សម្រេច​បាននូវអ្វី​ដែលខ្លួនប៉ងប្រាថ្នា ហើយឆ្ពោះទៅរកគោលដៅរបស់ខ្លួន​នៅថ្ងៃ​អនាគត​នោះឡើយ។

ដើម្បីទទួលបានអ្វីដែលយើងបានសុបិនដើម្បីឈានដល់អ្វីដែលយើងមាន និងគម្រោងសម្រាប់​អនាគតរបស់យើង។ ដូច្នេះច្បាប់អន្តរជាតិ​បានបន្តទាមទារនិងលើកកម្ពស់​សមធម៌សម្រាប់មនុស្ស​គ្រប់រូប​ហើយយើងគួរតែដឹងជានិច្ចអំពីអ្វីដែលយើងសមនឹងទទួល។

ស្រ្តី មានសតិអារម្មណ៍ និងស្មារតី រឹងមាំ ដូចនឹងបុរសដែរ គឺវាអាស្រ័យទៅលើសុលក្ខណៈ​ដែលពួកគេ​កើតមក។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តី ត្រូវបានគេស្គាល់ជាសកលថា ជាយេនឌ័រមួយនៅក្នុងសង្គម ដែលរងគ្រោះខាងផ្លូវកាយ។ កាលពីមុនចលនាស្រ្តីមួយបានកើតឡើង ហើយស្រ្តីត្រូវបាន​គេរារាំង​ឱ្យ​មិនចូលរួម​នៅក្នុងសង្គម ស្រ្តីមិនទទួលស្គាល់ពីតម្លៃរបស់ពួកគេ នៅក្នុងគ្រួសារ សារៈសំខាន់របស់ពួកគេ នៅក្នុងសង្គមជាតិ និងប្រទេសជាតិ ហើយពួកគេ ក៏មិនដែលចោទសួរ ថាតើអ្វីដែលពួកគេ គួរទទួលបាន ក្នុងនាមជាមនុស្សជាតិ។ នេះហើយជាចលនាជោគជ័យ សម្រាប់ស្រ្តីជុំវិញពិភពលោក។ សម្រាប់ខ្ញុំ នេះគឺជាកេរ្តិ៍ដំណែលមួយ ដែលខ្ញុំចង់ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីរក្សាឱ្យបាននៅគង់វង្ស។

Sophea 7

ដំណើររបស់ខ្ញុំ បានចាប់ផ្តើមតាំងពីពេលនោះមក។ ចំណង់ចំណូលចិត្តរបស់ខ្ញុំ នៅក្នុងកិច្ចការងារស្រ្តី ចាប់ផ្តើមកាន់ឡើងពីពេលមួយទៅពេលមួយ ដែលជម្រុញឱ្យខ្ញុំ កាន់តែចង់រៀនសូត្រ ចូលរួម និងពង្រឹងសិទ្ធិអំណាចដល់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចាប់ផ្តើមចូលរួមនៅក្នុងការងារស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៥ ដើម្បីលើកកម្ពស់ សិទ្ធិរបស់អ្នកងាយរងគ្រោះ (ភាគច្រើន អ្នកដែលប្រឈម​នឹងភាពរងគ្រោះពាក់ព័ន្ធនឹងការជួញដូរ) ការលើកកម្ពស់ការយល់​ពី​ផលប៉ះពាល់នៃការជួញដូរ និងការពារពួកគេ នៅពេលធ្វើចំណាកស្រុក ជាពិសេសស្រ្តី ដោយសារតែពួកគេ គឺជាក្រុមងាយ​រងគ្រោះបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីដើមឡើយ ខ្ញុំមិនដឹងថា តើការផ្តល់សិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តី គឺជាអ្វីនោះទេ។ ក្រោយមក ខ្ញុំចាប់ផ្តើមចូលរៀន ចូលរួមយុទ្ធនាការ និងវគ្គបណ្តុះបណ្តាលនានា ដែលបង្រៀនខ្ញុំ អំពីកិច្ចការងារទាក់ទងនឹងស្រ្តី ហើយធ្វើឱ្យខ្ញុំ កាន់តែដឹងកាន់តែច្រើនពី បញ្ហាពិតរបស់ស្រ្តី ដូចជា សិទ្ធិរបស់ក្មេងស្រី និងស្រ្តី សិទ្ធិបន្តពូជ ការបញ្ឈប់អំពើហិង្សានៅក្នុងគ្រួសារ ការឈប់សម្រាកមាតុភាព ការទទួលបានប្រាក់ឈ្នួលស្នើគ្នា សិទ្ធិបោះឆ្នោត ការយាយីផ្លូវភេទ និងអំពើហិង្សាផ្លូវភេទជាដើម។

ខ្ញុំជាស្រ្តី តាមជីវសាស្រ្ត និងសង្គមសាស្រ្ត។ ខ្ញុំមានមោទនភាពនូវភេទជាស្រ្តី និងយេនឌ័ររបស់ខ្ញុំ។ ជាមួយគ្នានេះ ខ្ញុំមានមោទនភាព ដែលអ្នកកំពុងអាន នូវអ្វីដែលខ្ញុំកំពុងសរសេរ និងអ្វី​ដែលខ្ញុំ​ចង់​ប្រាប់​ទៅស្រ្តីគ្រប់រូប។ ដូចអ្នកបានដឹងហើយថា ស្រ្តីពិតជាអស្ចារ្យ ជាមួយនឹង​សមត្ថភាព​អាចធ្វើអ្វី​បានគ្រប់បែបយ៉ាង ដូចជាការបង្កើតកូន ជាពិសេសសមត្ថភាពគឺសមត្ថភាពបន្តពូជ។ ហើយនេះ វាមិនគួរឱ្យជឿទេ មែនទេ? ក្រៅពីនេះ ស្រ្តី អាចមានសមត្ថភាពអភិវឌ្ឍន៍ប្រទេស ដឹកនាំប្រទេស និងលើកកម្ពស់សន្តិភាព នៅជុំវិញពិភពលោក។ ពួកគេ ក៏អាចលើកកម្ពស់សន្តិភាពនៅលើសកលលោក (បើអ្នកធ្លាប់បានមើលខែ្សភាពយន្តអាមេរិកាំងមួយឈ្មោះថា Captain Marvel អ្នកនឹងស្គាល់ វីរៈនារី Ms. Carol Susan Jane Danvers ដែលបានពលី ដើម្បីបញ្ចប់សង្រ្គាម Kree-Skrull War) ហើយខ្ញុំគឺជាអ្នកគាំទ្ររបស់គាត់។

Sophea 8

សម្រាប់ស្រ្តីជាទីស្រលាញ់គ្រប់ៗគ្នា អ្នកមិនគួរព្រងើយកន្ទើយនូវសិទ្ធិរបស់ខ្លួនទេ ព្រោះថា អ្នកទាំងអស់គ្នា គឺពិតជាសំខាន់ ហើយអ្នកទាំងអស់គឺសាកសម ទទួលនូវអ្វីដែលល្អជានិច្ច។ អ្នកទាំងអស់គ្នា ត្រូវចងចាំថា អ្នកអាចសម្រេចនូវអ្វីគ្រប់បែបយ៉ាង ដែលអ្នកចង់ ហើយអ្នកអាចផ្តល់អំណាចដល់ស្រ្តីផ្សេងទៀត ដូចជាអ្នកដែរ៕

បទពិសោធន៍បោះជំរំ ជាមួយអង្គការ​តម្លាភាព​កម្ពុជា

Stories

សរសេរដោយ៖ កញ្ញា តាង ស៊ីវហ្គេច, អ្នកចូលរួមកម្មវិធីបោះជំរំ ស្រ្តី និងយុវជន ឆ្នាំ២០១៩ 

វាស្តាប់ទៅដូចជារឿងមនោសញ្ចេតនា តែនេះវាគឺជាការពិត។ ទទួលបានឱកាសចូលរួម នៅក្នុង​កម្មវិធីបោះជំរំពង្រឹងភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ពង្រឹង​សមត្ថភាព​ស្រ្តី និងយុវជនដើម្បីតម្លាភាព និងគណនេយ្យភាព នៅខេត្តរតនគិរី របស់អង្គការតម្លាភាពកម្ពុជា គឺជា​បទពិសោធន៍មួយដែលមិនធ្លាប់មាន នៅក្នុងជីវិតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ វាគឺជាដំណើរផ្សងព្រេងមួយ​ដែល​បង្កប់នូវភាពសប្បាយរីករាយ និងទុក្ខសោកនៅលាយឡំគ្នា។

 

រហូតមកដល់ពេលនេះ ខ្ញុំនៅតែចងចាំនូវ​ថ្ងៃដំបូងដែលខ្ញុំធ្វើដំណើរចាកចេញ ឆ្ពោះទៅកាន់ ទីតាំងបោះជំរំ ដែលមានចម្ងាយជិត ៦០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥:៤៥ នាទីព្រឹក។ ចាំបានថា នៅពេលនោះ ​ខ្ញុំអង្គុយនៅក្នុង​រថយន្តក្រុង ជាមួយនឹងមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុន ជាច្រើននាក់ ហើយពួកយើង ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់ទិសដៅតែមួយ។ ខ្ញុំមិនបាននិយាយអ្វីច្រើនឡើយ នៅថ្ងៃចេញដំណើរទៅខេត្តរតនៈគិរីនោះ។

ខ្ញុំបានញញឹមដាក់ស្ទើរគ្រប់គ្នា នៅលើរថយន្តក្រុង។ ការធ្វើដំណើររយៈពេលជាង ១២ ម៉ោង ធ្វើឱ្យខ្ញុំអស់កម្លាំង និងឃ្លានជាខ្លាំង។ នៅពេលដែលពួកយើងដំណើរទៅដល់គោលដៅ ការងារ​ដំបូងដែលពួកយើងធ្វើនោះគឺ បញ្ចូលថាមពលរបស់ពួកយើងឡើងវិញ ដោយ​ការ​បរិភោគ​អាហារ​ពេលល្ងាចដ៏ធំមួយជុំគ្នា។ បន្ទាប់ពីអាហារពេលល្ងាចរួច ពិធិករ បានហៅឱ្យអ្នកចូលរួម ជួបជុំគ្នា ហើយឈរជារង្វង់ ហើយនេះចំណុចចាប់ផ្តើមនៃកម្មវិធីបោះជំរំ នាពេលយប់។

នៅថ្ងៃបន្ទាប់ ហើយក៏ជាថ្ងៃដំបូងដែលខ្ញុំមានឱកាសទទួលបានចំណេះដឹងថ្មីៗជាច្រើន ដែលខ្ញុំមិន​ធ្លាប់ដឹងពីមុនមក។ វគ្គដំបូង ដែលខ្ញុំបានរៀននោះ គឺភាពជាអ្នកដឹកនាំ និងវគ្គចែករំលែកអំពី អភិបាលកិច្ចល្អ ហើយប្រធានបទទាំងនេះ ពិតជាថ្មីមែនទែនសម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំ ទទួលបាន​គំនិតខ្លះៗថាតើអ្វីទៅគឺជា អភិបាលកិច្ចល្អ។ ជាងនេះទៅទៀត ប្រធានបទស្តីពីភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អនេះ បានជម្រុញឱ្យខ្ញុំ យល់ដឹងកាន់តែច្រើនបន្ថែមទៀត អំពីដំណាក់កាល​នៃអភិបាលកិច្ចល្អ។  នៅពេលរសៀលថ្ងៃដដែលនោះ ហើយក៏ជាពេលវេលាដែលខ្ញុំចូលចិត្តដែរ គឺជាវគ្គចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានានៅក្នុងអាជីព របស់ស្រ្តីចំនួន ៤ រូប ដែលមកពីវិស័យផ្សេងគ្នាៗ។ ខ្ញុំពេញចិត្ត ដែលបានស្តាប់រឿងរ៉ាវរបស់ពួកគាត់ ជាពិសេស ការប្តេជ្ញា​ចិត្តរបស់ពួកគាត់ ហើយធ្វើតាមចំណង់ចិត្តរបស់ខ្លួន។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបាន​ជួបវាគ្មិន ហើយសាកសួរពួកគាត់ដោយផ្ទាល់ នូវសំណួរដែលខ្ញុំចង់ដឹង។

 

នៅពេលយប់ ខ្ញុំបានស្គាល់មិត្តភ័ក្រ្តថ្មីមួយចំនួន ហើយពួកយើងចាប់ផ្តើមមានអារម្មណ៍ស្និទ្ធស្នាលគ្នា ក៏ប៉ុន្តែក្នុងពេលដែលមួយនេះ វាក៏ជាបទពិសោធន៍ដ៏ចម្លែកមួយ និងគួរឱ្យអស់សំណើចសម្រាប់ខ្ញុំ។ ខ្ញុំស្នាក់នៅក្នុងតង់ ជាមួយមនុស្សមិនដែលស្គាល់គ្នាពីមុនមក ចំនួន ៣ នាក់ ដែលមកពីខេត្តផ្សេងៗគ្នា ហើយខ្ញុំក៏ត្រូវបរិភោគអាហារជាមួយមនុស្ស មិនដែលស្គាល់សោះគ្នា ចំនួន ៩ នាក់ផ្សេងទៀត។​ អ្វីដែល​កាន់​តែភ្ញាក់ផ្អើលទៀតនោះគឺ ខ្ញុំត្រូវប្រើបន្ទប់ទឹករួម ដើម្បីងូតទឹកជាមួយអ្នកចូលរួមជាស្រ្តីផ្សេងទៀត ក្នុងពេលតែមួយ។ រម្លឹកទៅដល់ពេលនោះ សម្រាប់ខ្ញុំ វាគឺជាអនុស្សាវរីយ៍ដ៏ប្លែក ប៉ុន្តែ​ក៏​សប្បាយ​រីករាយ​ម្យ៉ាងដែរ។

មេរៀនដែលខ្ញុំបានរៀននៅថ្ងៃទី២នៃកម្មវិធីបោះជំរំ គឺការចែករំលែកបទពិសោធន៍ពីអ្នក​ដែលមាន​ការប្តេជ្ញាចិត្ត និងមានឆន្ទៈ នៅក្នុងការងារស្ម័គ្រចិត្ត។ សម្រាប់ខ្ញុំ និងអ្នកចូលរួមផ្សេងទៀត បាន​ចំណាយពេលជិត២ ថ្ងៃ ដើម្បីបង្កើតក្រុម និងបង្កើតជាគម្រោងតូចមួយ។ នេះគឺជាលើកទីមួយសម្រាប់ខ្ញុំ ដែលបានរៀនពីការបង្កើតគម្រោង ហើយវាក៏ជាពេលវេលាមួយ ដ៏ពិសេសម្រាប់ខ្ញុំដែរ។ បន្ទាប់​ពីការ​ពិភាក្សា​​យ៉ាងយូរ ទីបំផុត គម្រោងរបស់ពួកយើង ក៏លេចចេញជារូបរាង។ សមាជិកនៅក្នុងក្រុម បាន​ប្រឹង​ប្រែងទាំងអស់គ្នា ដើម្បីធ្វើការងារនេះ ហើយអ្វីដែលកាន់តែល្អបំផុតនោះ គឺខ្ញុំបានរកឃើញថា វាជាលទ្ធផលដ៏មានតម្លៃនៃការងារជាក្រុមរបស់យើង។

អ្វីដែលកាន់តែភ្ញាក់ផ្អើល ពួកយើងបានប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ទាំងអស់គ្នា ដោយមាន​ថតរូប​ជាក្រុមធំជារូបភាពដែលអ្នកនឹងឃើញខាងក្រោម ក៏ដូចជាការប្រកួតប្រជែង​រូបថត​សម្រាប់​គ្រប់​ក្រុមនៅក្នុងតង់នីមួយៗដែរ។

IMG_5888received_634042390382068

រយៈពេលបីថ្ងៃ បន្ទាប់ពីបានចូលរួមនៅក្នុងកម្មវិធីបោះជំរំនេះ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍កាន់តែ​ខ្លាំង​ពីស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំង ស្ថានភាពនយោបាយ ច្បាប់ និងបទបញ្ជានានា នៅក្នុងប្រទេសកម្ពុជា ជាពិសេស ទាក់ទងនឹងសហគមន៍ដែលខ្ញុំកំពុងរស់នៅ។

ខ្ញុំសូមអរគុណដល់អង្គការតម្លាភាពកម្ពុជា ក៏ដូចជា ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានរៀបចំ កម្មវិធីបោះជំរំដ៏អស្ចារ្យមួយនេះ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងយុវជន ក្នុងភាពជាអ្នកដឹកនាំ​សម្រាប់អភិបាលកិច្ចល្អ។ តាមរយៈឱកាសរៀនសូត្រដ៏អស្ចារ្យនេះ ខ្ញុំនឹងពាំនាំមកនូវចំណេះដឹង ដែលខ្ញុំបានរៀនពីកម្មវិធីនេះ ដើម្បីចូលរួមក្នុងការអនុវត្ត ប្រចាំថ្ងៃរបស់ខ្ញុំ ដើម្បី​ពង្រឹង​ជំនាញ​ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ជាផ្នែកមួយក្នុង​ការធ្វើ​ឱ្យប្រសើរឡើង​នូវ​ដំណើរការ​អភិបាលកិច្ចល្អ ហើយក្លាយជាបុគ្គលមានតម្លាភាព និងគណនេយ្យភាពសម្រាប់សង្គមរបស់យើង។

IMG_5878