បទពិសោធន៍បោះជំរំ ជាមួយអង្គការ​តម្លាភាព​កម្ពុជា

Stories

សរសេរដោយ៖ កញ្ញា តាង ស៊ីវហ្គេច, អ្នកចូលរួមកម្មវិធីបោះជំរំ ស្រ្តី និងយុវជន ឆ្នាំ២០១៩ 

វាស្តាប់ទៅដូចជារឿងមនោសញ្ចេតនា តែនេះវាគឺជាការពិត។ ទទួលបានឱកាសចូលរួម នៅក្នុង​កម្មវិធីបោះជំរំពង្រឹងភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ពង្រឹង​សមត្ថភាព​ស្រ្តី និងយុវជនដើម្បីតម្លាភាព និងគណនេយ្យភាព នៅខេត្តរតនគិរី របស់អង្គការតម្លាភាពកម្ពុជា គឺជា​បទពិសោធន៍មួយដែលមិនធ្លាប់មាន នៅក្នុងជីវិតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ វាគឺជាដំណើរផ្សងព្រេងមួយ​ដែល​បង្កប់នូវភាពសប្បាយរីករាយ និងទុក្ខសោកនៅលាយឡំគ្នា។

 

រហូតមកដល់ពេលនេះ ខ្ញុំនៅតែចងចាំនូវ​ថ្ងៃដំបូងដែលខ្ញុំធ្វើដំណើរចាកចេញ ឆ្ពោះទៅកាន់ ទីតាំងបោះជំរំ ដែលមានចម្ងាយជិត ៦០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥:៤៥ នាទីព្រឹក។ ចាំបានថា នៅពេលនោះ ​ខ្ញុំអង្គុយនៅក្នុង​រថយន្តក្រុង ជាមួយនឹងមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុន ជាច្រើននាក់ ហើយពួកយើង ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់ទិសដៅតែមួយ។ ខ្ញុំមិនបាននិយាយអ្វីច្រើនឡើយ នៅថ្ងៃចេញដំណើរទៅខេត្តរតនៈគិរីនោះ។

ខ្ញុំបានញញឹមដាក់ស្ទើរគ្រប់គ្នា នៅលើរថយន្តក្រុង។ ការធ្វើដំណើររយៈពេលជាង ១២ ម៉ោង ធ្វើឱ្យខ្ញុំអស់កម្លាំង និងឃ្លានជាខ្លាំង។ នៅពេលដែលពួកយើងដំណើរទៅដល់គោលដៅ ការងារ​ដំបូងដែលពួកយើងធ្វើនោះគឺ បញ្ចូលថាមពលរបស់ពួកយើងឡើងវិញ ដោយ​ការ​បរិភោគ​អាហារ​ពេលល្ងាចដ៏ធំមួយជុំគ្នា។ បន្ទាប់ពីអាហារពេលល្ងាចរួច ពិធិករ បានហៅឱ្យអ្នកចូលរួម ជួបជុំគ្នា ហើយឈរជារង្វង់ ហើយនេះចំណុចចាប់ផ្តើមនៃកម្មវិធីបោះជំរំ នាពេលយប់។

នៅថ្ងៃបន្ទាប់ ហើយក៏ជាថ្ងៃដំបូងដែលខ្ញុំមានឱកាសទទួលបានចំណេះដឹងថ្មីៗជាច្រើន ដែលខ្ញុំមិន​ធ្លាប់ដឹងពីមុនមក។ វគ្គដំបូង ដែលខ្ញុំបានរៀននោះ គឺភាពជាអ្នកដឹកនាំ និងវគ្គចែករំលែកអំពី អភិបាលកិច្ចល្អ ហើយប្រធានបទទាំងនេះ ពិតជាថ្មីមែនទែនសម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំ ទទួលបាន​គំនិតខ្លះៗថាតើអ្វីទៅគឺជា អភិបាលកិច្ចល្អ។ ជាងនេះទៅទៀត ប្រធានបទស្តីពីភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អនេះ បានជម្រុញឱ្យខ្ញុំ យល់ដឹងកាន់តែច្រើនបន្ថែមទៀត អំពីដំណាក់កាល​នៃអភិបាលកិច្ចល្អ។  នៅពេលរសៀលថ្ងៃដដែលនោះ ហើយក៏ជាពេលវេលាដែលខ្ញុំចូលចិត្តដែរ គឺជាវគ្គចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានានៅក្នុងអាជីព របស់ស្រ្តីចំនួន ៤ រូប ដែលមកពីវិស័យផ្សេងគ្នាៗ។ ខ្ញុំពេញចិត្ត ដែលបានស្តាប់រឿងរ៉ាវរបស់ពួកគាត់ ជាពិសេស ការប្តេជ្ញា​ចិត្តរបស់ពួកគាត់ ហើយធ្វើតាមចំណង់ចិត្តរបស់ខ្លួន។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបាន​ជួបវាគ្មិន ហើយសាកសួរពួកគាត់ដោយផ្ទាល់ នូវសំណួរដែលខ្ញុំចង់ដឹង។

 

នៅពេលយប់ ខ្ញុំបានស្គាល់មិត្តភ័ក្រ្តថ្មីមួយចំនួន ហើយពួកយើងចាប់ផ្តើមមានអារម្មណ៍ស្និទ្ធស្នាលគ្នា ក៏ប៉ុន្តែក្នុងពេលដែលមួយនេះ វាក៏ជាបទពិសោធន៍ដ៏ចម្លែកមួយ និងគួរឱ្យអស់សំណើចសម្រាប់ខ្ញុំ។ ខ្ញុំស្នាក់នៅក្នុងតង់ ជាមួយមនុស្សមិនដែលស្គាល់គ្នាពីមុនមក ចំនួន ៣ នាក់ ដែលមកពីខេត្តផ្សេងៗគ្នា ហើយខ្ញុំក៏ត្រូវបរិភោគអាហារជាមួយមនុស្ស មិនដែលស្គាល់សោះគ្នា ចំនួន ៩ នាក់ផ្សេងទៀត។​ អ្វីដែល​កាន់​តែភ្ញាក់ផ្អើលទៀតនោះគឺ ខ្ញុំត្រូវប្រើបន្ទប់ទឹករួម ដើម្បីងូតទឹកជាមួយអ្នកចូលរួមជាស្រ្តីផ្សេងទៀត ក្នុងពេលតែមួយ។ រម្លឹកទៅដល់ពេលនោះ សម្រាប់ខ្ញុំ វាគឺជាអនុស្សាវរីយ៍ដ៏ប្លែក ប៉ុន្តែ​ក៏​សប្បាយ​រីករាយ​ម្យ៉ាងដែរ។

មេរៀនដែលខ្ញុំបានរៀននៅថ្ងៃទី២នៃកម្មវិធីបោះជំរំ គឺការចែករំលែកបទពិសោធន៍ពីអ្នក​ដែលមាន​ការប្តេជ្ញាចិត្ត និងមានឆន្ទៈ នៅក្នុងការងារស្ម័គ្រចិត្ត។ សម្រាប់ខ្ញុំ និងអ្នកចូលរួមផ្សេងទៀត បាន​ចំណាយពេលជិត២ ថ្ងៃ ដើម្បីបង្កើតក្រុម និងបង្កើតជាគម្រោងតូចមួយ។ នេះគឺជាលើកទីមួយសម្រាប់ខ្ញុំ ដែលបានរៀនពីការបង្កើតគម្រោង ហើយវាក៏ជាពេលវេលាមួយ ដ៏ពិសេសម្រាប់ខ្ញុំដែរ។ បន្ទាប់​ពីការ​ពិភាក្សា​​យ៉ាងយូរ ទីបំផុត គម្រោងរបស់ពួកយើង ក៏លេចចេញជារូបរាង។ សមាជិកនៅក្នុងក្រុម បាន​ប្រឹង​ប្រែងទាំងអស់គ្នា ដើម្បីធ្វើការងារនេះ ហើយអ្វីដែលកាន់តែល្អបំផុតនោះ គឺខ្ញុំបានរកឃើញថា វាជាលទ្ធផលដ៏មានតម្លៃនៃការងារជាក្រុមរបស់យើង។

អ្វីដែលកាន់តែភ្ញាក់ផ្អើល ពួកយើងបានប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ទាំងអស់គ្នា ដោយមាន​ថតរូប​ជាក្រុមធំជារូបភាពដែលអ្នកនឹងឃើញខាងក្រោម ក៏ដូចជាការប្រកួតប្រជែង​រូបថត​សម្រាប់​គ្រប់​ក្រុមនៅក្នុងតង់នីមួយៗដែរ។

IMG_5888received_634042390382068

រយៈពេលបីថ្ងៃ បន្ទាប់ពីបានចូលរួមនៅក្នុងកម្មវិធីបោះជំរំនេះ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍កាន់តែ​ខ្លាំង​ពីស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំង ស្ថានភាពនយោបាយ ច្បាប់ និងបទបញ្ជានានា នៅក្នុងប្រទេសកម្ពុជា ជាពិសេស ទាក់ទងនឹងសហគមន៍ដែលខ្ញុំកំពុងរស់នៅ។

ខ្ញុំសូមអរគុណដល់អង្គការតម្លាភាពកម្ពុជា ក៏ដូចជា ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានរៀបចំ កម្មវិធីបោះជំរំដ៏អស្ចារ្យមួយនេះ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងយុវជន ក្នុងភាពជាអ្នកដឹកនាំ​សម្រាប់អភិបាលកិច្ចល្អ។ តាមរយៈឱកាសរៀនសូត្រដ៏អស្ចារ្យនេះ ខ្ញុំនឹងពាំនាំមកនូវចំណេះដឹង ដែលខ្ញុំបានរៀនពីកម្មវិធីនេះ ដើម្បីចូលរួមក្នុងការអនុវត្ត ប្រចាំថ្ងៃរបស់ខ្ញុំ ដើម្បី​ពង្រឹង​ជំនាញ​ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ជាផ្នែកមួយក្នុង​ការធ្វើ​ឱ្យប្រសើរឡើង​នូវ​ដំណើរការ​អភិបាលកិច្ចល្អ ហើយក្លាយជាបុគ្គលមានតម្លាភាព និងគណនេយ្យភាពសម្រាប់សង្គមរបស់យើង។

IMG_5878

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s