ទីកន្លែងថ្មី បទពិសោធន៍ថ្មី និងគម្រោងថ្មី

Stories

សរសេរដោយ កញ្ញា សោម សុខាជីវី យុវជនសកម្មរបស់អង្គការតម្លាភាពកម្ពុជាមកពីខេត្តសៀមរាប

ខ្ញុំក៏ដូចជាអ្នកដទៃទៀតដែរ ជឿថាអំពើពុករលួយគឺជាបញ្ហាដ៏ធំបំផុត ដែលរារាំងនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក។ ខ្ញុំធ្លាប់គិតថា ប្រសិនបើខ្ញុំចង់ ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះ ខ្ញុំគួរ តែចាប់ផ្តើមបើកចិត្តឱ្យទូលាយ ដើម្បីរៀនសូត្រពីអ្នកដទៃពីបញ្ហាអំពើពុករលួយ និងធ្វើការងារនោះទាំងអស់គ្នា។

ការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ចាប់ផ្តើមកើនឡើង តាំងពីថ្ងៃដែល ខ្ញុំបាន ចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង (YLP) ដែលត្រូវបានរៀបចំឡើងដោយ អង្គការតម្លាភាពកម្ពុជា នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៨ មកម្លេះ។ បន្ទាប់មក ខ្ញុំបានបន្តដាក់ ពាក្យសុំអាហារូបករណ៍របស់កម្មវិធី Transparency Fellowship នៅក្នុងប្រទេសម៉ាឡេស៊ី។ ខ្ញុំមិន ដែលគិតសោះថា ខ្ញុំអាចក្លាយជាបេក្ខជនម្នាក់ក្នុងចំណោម១០នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ កម្មវិធីនេះទេ។

កម្មវិធី Transparency Fellowship គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមកម្មវិធីពង្រឹងអំណាចប្រជាពលរដ្ឋ និងយុវជន។ កម្មវិធីនេះមានរយៈពេល៨ ថ្ងៃ ដែលផ្ដល់ ឱកាសឱ្យយុវជនកម្ពុជាចំនួន១០ នាក់ មកពីតាមបណ្តាខេត្តនានាជុំវិញប្រទេសកម្ពុជា ធ្វើទស្សនកិច្ច សិក្សានៅតាមស្ថាប័នផ្សេងៗនៅប្រទេសម៉ាឡេស៊ី ដែលកំពុងតែ ធ្វើការទៅលើការប្រឆាំងនឹងអំពើ ពុករលួយ និងគំនិតផ្តួចផ្តើមទាក់ទងនឹងអភិបាលកិច្ចល្អ។

រយៈពេល៨ថ្ងៃ របស់ខ្ញុំនៅប្រទេសម៉ាឡេស៊ី បានធ្វើឱ្យខ្ញុំឃើញនូវពិភពលោកថ្មីមួយ។ ដោយសារតែវា ជាលើកដំបូងរបស់ខ្ញុំដែលធ្វើដំណើរទៅក្រៅប្រទេស ខ្ញុំទទួលបានបទពិសោធន៍ថ្មីជាច្រើន ដូចជា របៀបរស់នៅរបស់ប្រជាជន អាហារ វប្បធម៌ម៉ាឡេស៊ី និងបរិយាកាសដ៏ទំនើបនៅទីក្រុង។ ក្រៅពី បទពិសោធន៍នៃការរស់នៅបែបសម័យទំនើបដូចជាទីក្រុងគូឡាឡាំពួ យើងក៏មានឱកាស ទៅធ្វើ ទស្សនកិច្ចសិក្សា នៅតាម ស្ថាប័នមួយចំនួន ដែលធ្វើការលើអភិបាលកិច្ចល្អ និងប្រឆាំងអំពើពុករលួយ ដើម្បីរៀនពីរបៀបដែលរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ។

លើសពីនេះទៀតខ្ញុំក៏បានរៀន ពីរបៀបនៃការបង្កើត និងការបញ្ជូន សារអប់រំទៅកាន់សាធារណជន ដើម្បី រក្សាសុវត្ថិភាព និងសន្តិភាពក្នុងសង្គម ក៏ដូចជាសារអប់រំដែលលើកម្ពស់ការយល់ដឹងពីបញ្ហាអំពើ ពុករលួយនៅក្នុងប្រទេសរបស់ពួកគេ។

នៅពេលដែលដំណើរទសន្សកិច្ចនេះមកដល់ទីបញ្ចប់ បទពិសោធន៍ទាំងអស់នេះ បានឆ្លុះបញ្ចាំងខ្លាំង ណាស់ ពីខ្លួនខ្ញុំ។ ឥឡូវនេះខ្ញុំយល់ថាអ្វីៗ​ដែលខ្ញុំបានរៀនសូត្រពី​បទពិសោធន៍នេះគឺ​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង ដើម្បីធានាបាននូវ​ការប្តេជ្ញាចិត្តដើម្បីការចូលរួមចំណែក​របស់ខ្ញុំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើពុករលួយនៅក្នុងសហគមន៍របស់ខ្ញុំ និងនៅទូទាំងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាដ៏អស្ចារ្យនេះនៅប្រទេសម៉ាឡេស៊ីរួចមក ខ្ញុំពិតជា​រីករាយ​យ៉ាងខ្លាំងណាស់ ដែលខ្ញុំបានចូលរួមជាបុគ្គលិកហាត់ការរបស់អង្គការតម្លាភាពកម្ពុជានៅខេត្តសៀមរាប ខ្ញុំសង្ឃឹមថាខ្ញុំអាចបន្តចូលរួមសកម្មភាពនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការតម្លាភាពកម្ពុជា ដែលបានផ្តល់ឱ្យខ្ញុំ និង​យុវជនប្រាំបួននាក់ផ្សេងទៀត នូវឱកាសក្នុងចូលរួមកម្មវិធីTransparency Fellowship។


កញ្ញា សោម សុខាជីវី គឺជាយុវជនសកម្មរបស់អង្គការតម្លាភាពកម្ពុជាមកពីខេត្តសៀមរាប។ នាងគឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំង១០រូបដែលត្រូវ​បានជ្រើសរើសឱ្យ​ចូលរួមនៅ​ក្នុងកម្មវិធីនេះ​។ ការចូលរួមនេះទៀតសោត ត្រូវបានធ្វើតាមរយៈដំណើរការ​ជ្រើសរើសរួម​មានការធ្វើតេស្តសរសេរ​ និងសម្ភាសន៍។ ក្រោយពេលដែលបេក្ខជនត្រូវបានជ្រើសរើស អង្គការតម្លាភាព​កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់យុវជនមុនពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ចំណេះដឹងឱ្យពួកគេ ស្តីពីតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។

Leave a comment