តើយុវជនអាចធ្វើអ្វីខ្លះ ដើម្បីបញ្ឍប់អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា?

Stories

និពន្ធដោយ៖ កញ្ញា ភាព​ ធាវី ជ័យលាភី​ចំណាត់ថ្នាក់​លេខ១នៃការ​ប្រកួត​ប្រជែង​​តែង​សេចក្តីស្តីពី “យុវជន និងអំពើពុករលួយ”

—–

ជាការពិតណាស់ អំពើពុករលួយត្រូវបាន​ចាត់ទុកជាបញ្ហាចម្បង ដែលជះ​ឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​​ ជា​ពិសេសបង្កអោយមានវិសមភាព​ និង​ភាពអយុត្តិធម៌សង្គម​ដែលជាលទ្ធផលគឺ​ការអភិវឌ្ឍប្រទេសមានភាពទន់ខ្សោយ និងយឺតយ៉ាវ។​​ ប្រឈមនឹងបញ្ហានេះ​ តើ​យុវជនអាចធ្វើអ្វីខ្លះដើម្បីបញ្ឈប់អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា?​​ មាន​បីចំនុចសំខាន់ៗ ដែលយុវជនគប្បីប្រតិបត្តិដើម្បី     បញ្ឍប់អំពើពុករលួយ ក៏​ដូចជាចូលរួមអភិវឌ្ឃន៏ប្រទេសអោយមានភាពរីកចម្រើនឆាប់រហ័ស រួម​មាន​ទីមួយ គឺការរៀនទ្រឹស្តី ជាការចាប់ផ្តើមស្វែងយល់ថាអ្វីទៅជាអំពើពុករលួយ និងជាផលវិបាកដែលអាចនឹងកើតមានឡើង។ ចំណុចទីពីរ គឺការអនុវត្តទ្រឹស្តី សំដៅដល់សកម្មភាពផ្សេងៗទាំងឡាយណាអាចដោយផ្ទាល់ រឺដោយ​ប្រយោល​ក្រោមរូបភាពប្រឆាំងនឹងអំពើពុករលួយ និងចំណុចទីបី គឺការ​ផ្សព្វ​ផ្សាយ​ទ្រឹស្តីភ្ជាប់និងការអនុវត្ត ដល់សហគមន៏អោយបានទូលំទូលាយ ​ដោយ​បណ្តុះមហិច្ឆតាដល់ពួកគេអោយមានមោទនៈភាព ចំពោះខ្លួនឯង​ដែល​បាន​ចូល​រួមអភិវឌ្ឍន៏ប្រទេសតាមរយៈការមិនប្រព្រឹត្តអំពើពុករលួយ ​និង​រស់​នៅ​ក្នុង​ប្រទេសដែលគ្មានអំពើពុករលួយ។​

មុនឈានដល់ការបកស្រាយ​​លម្អិតពីចំណុចនីមួយៗ ​ការ​ស្វែងយល់​ពាក្យ​គន្លឺះ​ពីរ​គប្បីពន្យល់នៅទីនេះ​។ បើយោងតាមនិយមន័យរបស់អង្គការ​ ILO​ យុវជន​សំដៅ​ដល់​ក្រុមមនុស្សដែលមានអាយុចន្លោះពី ១៥-២៤ឆ្នាំ​ គឺស្មើនឹងប្រហែល​២៤%​ នៃប្រជាជនកម្ពុជាសរុប​ក្នុង​​ឆ្នាំ២០១១​​។ មួយវិញទៀត​ យោងតាម​ច្បាប់​ស្តីពី​ការប្រឆាំងអំពើពុករលួយ ឆ្នាំ​២០១០ អំពើពុករលួយសំដៅ​ដល់អំពើទាំង​ឡាយ​ណា​ដែលប្រព្រឹត្តដោយផ្ទាល់ ឬ ដោយប្រយោលក្នុងការទទួល​ ឬ ផ្តល់​ជំនូន អំណោយ ការសន្យា ឬ ការផ្តល់​អត្ថប្រយោជន៏​ផ្សេងៗទៀតដើម្បី​ឲ្យ​បំពេញ​កិច្ច​ ឬមិនបំពេញកិច្ច ដែលជាមុខងាររបស់ខ្លួន​ ឬកិច្ចដែលសម្រួល​ដោយ​​មុខងាររបស់ខ្លួន។​ ដូច្នេះ ថាតើយុវជនប្រមាណជា១/៤នេះ គប្បី​ប្រតិបត្តិ​ចំនុច​ទាំងបីខាងលើដូចម្តេចខ្លះ ដើម្បីអោយមានប្រសិទ្ធិភាពខ្ពស់ក្នុង​ការ​បញ្ឍប់​អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា?​

ឆ្លើយតបទៅនឹងការអនុវត្តចំណុចទីមួយ​(រៀនទ្រឹស្តី) ដើម្បី​ឲ្យទទួលបាន​លទ្ធ​ផល​ល្អ គឺត្រូវសិក្សាឲ្យបាន ស៊ីជម្រៅស្តីពីអំពើពុករលួយ។ យុវជនទាំងឡាយ​អាច​ធ្វើការស្រាវជ្រាវពីដើមហេតុ ប្រភព និងឫសគល់នៃ​បញ្ហាដែលបង្កអោយ​មានអំពើពុករលួយ និងផលប៉ះពាល់ អោយបានលម្អិត និងច្បាល់លាស់ តាមរយៈស្វ័យសិក្សា ដោយអាចទាញយកឯកសារពី​បណ្តាប្រព័ន្ធ​អេឡិច​ត្រូនិច​ផ្សេងៗ ឬតាមស្ថាប័នរដ្ឋ​ ឬអង្គការដែលធ្វើការពាក់ព័ន្ធ​នឹងអំពើ​ពុក​រលួយ។ ទន្ទឹមនឹងនេះដែរ ការស្វែងយល់អំពីដំណោះស្រាយ ដែលបាន​អនុវត្ត​កន្លងមក និងយុទ្ធសាស្រ្តផ្សេងៗសមស្រប​ទៅតាមករណីខុសៗគ្នា ​និងទៅ​តាម​កាលៈទេសៈ ក៏ជាចំណុចសំខាន់ដែលយុវជនគប្បីតាមដាន និងធ្វើ​ការ​កត់​ចំណាំអោយបានខ្ជាប់ខ្ជួន​ផងដែរ។​ ក្រៅពីព្យាយាមស្វែងរកឯកសារ និង​ស្វែង​យល់​ពីដំណោះស្រាយ    យុវជនត្រូវចេះធ្វើការវិភាគ​ និងអាច​ជ្រើសរើស​យក​ទ្រឹស្តី ឬ យុទ្ធសាស្រ្តណាមួយសមស្រប សម្រាប់អនុវត្តនៅកម្ពុជា។ យ៉ាងណា​មិញទ្រឹស្តីនឹងប្រែជាគ្មានប្រយោជន៏ដរាបណាមិនត្រូវបានយកទៅអនុវត្ត​។ ហេតុ​ដូច្នេះ​ តើយុវជនអាចអនុវត្តទ្រឹស្តីទាំងអស់នោះបានយ៉ាងដូចម្តេចខ្លះ?

ឆ្លងដល់ចំណុចទីពីរ​ គឺការចួលរួមអនុវត្តទ្រឹស្តីតាមរយៈសកម្មភាព​បញ្ឃប់អំពើ​ពុករលួយផ្សេងៗ ដែលអាចធ្វើឡើងដោយផ្ទាល់ ឬដោយប្រយោល អាស្រ័យ​នឹង​ជម្រើសរបស់យុវជនផ្ទាល់​ ឬអាចអាស្រ័យនឹងឳកាស​ដែលផ្តល់ឲ្យ​យុវជន​ក្នុងការ​ចូលរួម។​ ការចូលរួមដោយផ្ទាល់ សំដៅដល់ការចូលរួមធ្វើការស្ម័គ្រចិត្ត​ ឬជាបុគ្គលិករបស់ស្ថាប័ន អង្គការពាក់ព័ន្ធនឺងអំពើពុករលួយ។​ ដោយឡែក យុវជន​ផ្សេងទៀតអាចធ្វើការលើវិស័យនេះដោយប្រយោល ដូចជាតាមដាន ឃ្លាំមើល និងផ្តល់ព័ត៌មានអំពីអំពើពុករលួយគ្រប់រួបភាព ដែលបានកើតឡើង កំពុងកើតឡើង និង​អាចនឹងកើតមានឡើង។ ម្យ៉ាងវិញទៀត យុវជន​ក៏អាច​បង្កើត​ជាក្រុមពិភាក្សា​ ក្នុងគោលបណង​   ​ផ្តល់ពត៌មាន ផ្លាស់ប្តូរយោបល់ និង​រក​ដំណោះស្រាយ ដើម្បីបញ្ឃប់អំពើពុករលួយ។

ក្រៅពីរៀនទ្រឹស្តី អនុវត្តទ្រឹស្តី តើយុវជន​អាចធ្វើការផ្សព្វ​ផ្សាយ​សកម្មភាព​ទាំងនេះ​តាមវិធីណាខ្លះ?​ ជាការពិតទាក់ទងនឹងការអនុវត្តចំនុចទីបី​ គឺយុវជន​អាចធ្វើការបញ្ជ្រៀប ឬផ្សព្វផ្សាយដល់សហគមន៏ឲ្យទទួលបាន ពត៌មាន​ស្តីពី​អំពើពុករលួយតាមរយៈគម្រោងចុះអប់រំផ្ទាល់ដោយចែកជាខិតបណ្ណ័ និងមាន​ការ​ចូលរូមសហការពីអាជ្ញាធរមូលដ្ឋាន ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ​ដូចជា​ ​វិទ្យុ ទូរទស្សន៏ ហ្វេសប៊ុក យូធុប​ ធ្វីតធឺ ជាដើម ដើម្បីអោយពួក​គាត់​ចាប់​អារម្មណ៏ និងស្វែងយល់អំពី​​ អំពើពុករលួយ ផលប៉ះពាល់ និងទណ្ឌកម្មដែល​បាន​កំណត់ដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងបង្ការ បង្ក្រាប និង​ការពារ​មិន​ឲ្យ​មានអំពើពុករលួយ។​

សរុបមកវិញ ដើម្បីបញ្ឃប់អំពើពុករលួយនៅកម្ពុជា យុវជនអាច​ចូលរួមរៀន និង​​ស្វែងយល់ពីដើមហេតុនៃបញ្ហា ដែលនេះមានន័យថា​ជាការបណ្តុះឆន្ទៈ​ផ្ទាល់​​ខ្លួនឲ្យស្អប់ខ្ពើមអំពើពុករលួយ​ ព្រមទាំងអាចចូលរួម អនុវត្ត​ទាំងអស់​គ្នា​ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈ​សកម្មភាពផ្សេងៗក្រោមប្រធាន​បទ​បញ្ឃប់​អំពើពុករលួយនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយ​នូវរាល់ទ្រឹស្តី និង​ការ​អនុវត្ត​ទាំងឡាយណាដែលមានប្រសិទ្ធភាព សម្រាប់កម្ពុជា​​ ក្នុងគោល​ដៅ​អភិវឌ្ឃន៏​ប្រទេសអោយឆាប់រីកចម្រើន ​ទៀតសោតគឺទទួលបានកិតិ្តយល​ជា​ពលរដ្ឋល្អ ដែលមិនប្រព្រឹត្តអំពើពុករលួយ និងរស់នៅក្នុងប្រទេសដែល​គ្មាន​អំពើ​ពុករលួយ។​ ទន្ទឹមនឹងនេះ ការចូលរួមរបស់យុវជន គួរត្រួវបានគាំទ្រ និង​ការពារ​សុវត្ថិភាពពីរាជរដ្ឋាភិបាល៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s